រឿង៖ អស់ហ្សុីននៅភ្នំពេញ! (18+)



មុន​ពេល​ឡើង​មក​រៀន​នៅ​​​​​​​ភ្នំពេញ​ ម៉ែ​​ផ្ដាំ​ថា “​កុំ​ឱ្យ​មាន​ស្នេហា”។ ​ពាក្យ​នេះ​លាន់​ឮ​យ៉ាង​រងំ​ក្នុង​ត្រចៀក​ខ្ញុំ​ជា​និច្ច។​ តែ​​នៅ​ទី​បំផុត​ ខ្ញុំ​ក៏បាន​ក្បត់​នឹង​បណ្ដាំ​គាត់​​ ដោយសារ​តែ​លង់​ចិត្ត​​លើ​នារី​ម្នាក់។ វា​ជា​ស្នេហ៍​ដំបូង​របស់​ខ្ញុំ! វា​អស្ចារ្យ​ខ្លាំង​ណាស់​…

ភ្នំ​ពេញ​ជា​ទី​ប៉ងប្រាថ្នា​របស់​ខ្ញុំ​ ព្រោះ​ល្បី​តៗគ្នា​ថា​​ស្រស់​ស្អាត​​។ តែ​ដល់​ពេល​មក​នៅ​បាន​មួយ​ខែ​ ក៏​បែរ​ជា​ធុញ​ទ្រាន់​យ៉ាង​ខ្លាំង។ បើ​ទៅណាមកណា​​ម្ដង​ៗ​វិញ​ ក៏​មិន​ស្ងប់ចិត្ត​សោះ ព្រោះ​ខ្លាច​ចោរ​​ប្លន់​ម៉ូតូ។ បើ​ម្ដង​នេះ​ត្រូវ​ចោរ​ប្លន់​អស់​មួយ​គ្រឿង​​ទៀត​ ច្បាស់​ជា​ត្រូវ​​ម៉ែ​កាត់​កាល​ចោល​មិនខាន​​។ ឯ​ម្ដុំ​ខ្ញុំ​នៅ​វិញ​ ឱ្យ​តែ​មាន​​​ភ្លៀង​ធ្លាក់​ខ្លាំង​​ម្ដង​ៗ​ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ស្រុក​អើយ​សែន​នឹក​ ព្រោះ​​ទឹក​លិច​ប្រៀប​ផ្លូវ ​មើល​ទៅ​ដូចជា​ទឹក​ស្ទឹង​ភូមិ​​ខ្ញុំ​ដែល​ធ្លាប់​​ហែល​​លេង​អញ្ចឹង។​
គ្រឹះស្ថាន​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​វិមាន​ឯករាជ្យ​ប៉ុន្មាន​​ ​គឺ​ជា​សកល​វិទ្យាល័យ​​ដែល​ខ្ញុំ​សិក្សា។​​ ខ្ញុំ​ជា​និស្សិត​ផ្នែក​អាយ​ធី (IT)​ ដែល​អ្នក​ភូមិ​មួយ​ចំនួន​តែង​​និយាយ​បង្អាប់​ខ្ញុំ​ពេល​មក​លេង​ស្រុក​​ម្ដង​ ៗ​​​​ថា​ (និស្សិត​តែ​ទឹក​កក) ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស​គេ​យ៉ាង​ខ្លាំង។ ​ពេល​​ទៅ​សាលា​​ ខ្ញុំ​តែង​​​ជិះ​​​​តាម​​មហាវិថី​​ព្រះសីហនុ ព្រោះ​មហាវិថី​​នេះ​ធំ​ស្រួល​ជិះ​ ឆាប់​ដល់​ និង​មាន​សុវត្ថិភាព។​​ ខ្ញុំ​​តែង​សង្កេត​ឃើញ​​​នារី​ដ៏​​​តូច​ច្រឡឹង​​​ម្នាក់​ឈរ​នឹង​ថ្កល់​ដូច​ រូប​ចម្លាក់​ជានិច្ច​ ជៀស​​តែ​ពេល​ដែល​​មាន​ភ្ញៀវ​ចូល​ប៉ុណ្ណោះ​ ទើប​នាង​កម្រើក​ខ្លួន​​។ ​នាង​ជា​អ្នក​លក់​នំ​បុ័ង​សាច់​ប៉ាតេ។​ នាង​​ស្រស់​ស្អាត​ណាស់​ ស្អាត​​រហូត​គ្មាន​នារី​ណា​អាច​យក​ផ្ទឹម​បាន​ទេ​សម្រាប់​ខ្ញុំ។​ ឱ្យ​តែ​ជិះ​កាត់​​កន្លែង​នាង​លក់​ម្ដងៗ​ ​ខ្ញុំ​តែង​ងាក​​មើល​នាង​ជានិច្ច​! មើល​ហើយ​មើល​ទៀត​!​ មើល​​រហូត​ក្លាយ​ជា​ទម្លាប់​​! ​ហើយ​មាន​ពេល​មួយ​នោះ ​ប៊ិះ​នឹង​ជិះ​បុក​គូទឡាន​គេ​ដោយ​សារ​តែ​ជាប់​រវល់​មើល​នាង​ទៀត​ផង។​
ថ្ងៃ​មួយ​ ជា​ថ្ងៃបុណ្យ​ សាលា​ឲ្យ​ឈប់​សម្រាក​ តែ​ខ្ញុំ​បែរ​ជា​ចង់​ទៅ​រៀន​ខុស​ទំនង។​​​ ខ្ញុំ​សរសើរ​ខ្លួន​ឯង​ដែល​កាន់​តែ​​ស្រឡាញ់​ការសិក្សា​​​​ តែ​ដល់​គិត​យូរ​ៗ​ទៅ ​មិនមែន​នោះ​ទេ។ ​តាម​ពិត ​​មក​ពី​ខ្ញុំ​​ចង់​ឃើញ​នាង​​សោះ។​​ ខ្ញុំ​បាន​លង់​​ស្រឡាញ់​​នាង​ដោយ​មិន​ដឹង​ខ្លួន គឺ​មិន​ដឹង​ថា​តាំង​ពី​ពេល​ណា​ឡើយ​។​ តែ​ចាប់​តាំង​ពី​ថ្ងៃ​ដឹង​​​ថា​ស្រឡាញ់​​នាង​​​​មក​ ខ្ញុំ​លែង​ស្គាល់​ថ្ងៃ​រៀន​ ថ្ងៃ​​ឈប់​សម្រាក​អី​ទៀត​ហើយ សូម្បី​តែ​ថ្ងៃ​អាទិត្យ​​​ក៏​ខ្ញុំ​ជិះ​ទៅ​លួចមើល​មុខ​នាង​​ដែរ។​​ មើល​ហើយ​ ខ្ញុំ​​ញញឹម​!​ ខ្ញុំ​​សើច​តែម្នាក់​ឯង​ដូច​មនុស្ស​ឆ្កួត​អញ្ចឹង​​​​…​ ហើយ​បើ​ថ្ងៃ​ណា​មួយ​ដែល​ខ្ញុំ​មិន​បាន​ឃើញ​នាង​ទេ​នោះ!​ ខ្ញុំ​បាយ​មិន​ឆ្ងាញ់​ ស្ដាប់​​គ្រូ​ពន្យល់​មិន​ពីរោះ​ឡើយ! នេះ​ហើយ​ឥទ្ធិពល​ស្នេហា។​
ខ្ញុំ​សួរ​ខ្លួន​ឯង​ថា​ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា?​ ភ្លាម​ៗ​នោះ ​ចម្លើយ​ក៏​បាន​ផុស​ឡើង​ថា​ ​ត្រូវ​តែ​សារភាព​ឲ្យ​នាង​ដឹង​ ត្រូវ​​តែ​ប្រើ​​​​គ្រប់​មធ្យោបាយ​ទាក់ទង​នាង​ឱ្យ​បាន។ ខ្ញុំ​នឹង​មិន​បណ្ដោយ​ឱ្យ​ពេជ្រ​មួយ​គ្រាប់​នេះ​ ធ្លាប់​លើ​ដៃ​បុរស​ផ្សេង​ឡើយ​ ខ្ញុំ​នឹង​ប្រយុទ្ធ​ឲ្យ​ដល់​ទី​បញ្ចប់។​​
រសៀល​ថ្ងៃ​អាទិត្យ​មួយ​ ក្រោយពី​សម្រេច​ចិត្ត​ច្បាស់លាស់​ហើយ​ ខ្ញុំ​ក៏​ស្លៀក​​ពាក់​​យ៉ាង​ឡូយ​អស់ពី​ចិត្ត​​ គឺ​អាវ​ពណ៌​ក្រហម​ឆេះ​លាយ​ផ្កា​ស​ៗ ​សម្លុះ​នឹង​ខោ​ខ្មៅ​រឹប​រាង​ជើង​កំប៉ុង​ ជាមួយ​នឹង​ស្បែកជើងឃ្លុប​ពណ៌ខ្មៅ​រលើបរលោង​ ដែល​ទើប​​សន្សំ​លុយ​ទិញ​បាន​ថ្មីៗ​ មើល​ទៅ​ឡូយ​អស់​ទាស់​​ ​ទៅ​ញ៉ាំ​​នំប៉័ង​សាច់​ប៉ាតេ​កន្លែង​នាង​​​ ដើម្បី​ជា​ជំហាន​ដំបូង​ក្នុង​ការ​ផ្ដើម​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នាង។ ដូច​ព្រះ​ជួយ​អញ្ចឹង​!​​ ពេល​ជិះ​​ទៅ​ដល់​កន្លែង​នាង​ នៅ​មិន​ទាន់​មាន​​ភ្ញៀវ​​ចូល​នៅ​ឡើយ។ ឃើញ​ថា​ជា​ឱកាស​ល្អ​ ខ្ញុំ​ក៏​ប្រញាប់​វាយ​ចន្ទល់​​ម៉ូតូ​ដើរ​ចូល​យ៉ាង​លឿន៖​
-សួស្ដី​លោក​!​​​​​
នាង​បន្លឺ​សំឡេង​ឡើង​យ៉ាង​ពីរោះ​ដូច​សារិកា​រាក់ទាក់​ខ្ញុំ ឯ​ខ្ញុំ​វិញ​ធ្វើ​ជា​មិន​ចាប់អារម្មណ៍​ តែ​តាម​ពិត​ភ្នែក​កំពុង​លួច​ដៀង​គន់មើល​សម្រស់​ដ៏​ល្អឯក​របស់​នាង។ ​ គ្រាន់​តែ​ខ្ញុំ​អង្គុយ​ចុះ​ភ្លាម​ នាង​ក៏​ដើរ​មក​សួរ​ភ្លែត៖
-តើ​លោក​ត្រូវ​ការ​ប៉ាតេ​បែប​ណា? ធម្មតា​ឬ​ក៏​ចៀន?​
-យក​អា​ចៀន!​
ឮ​ហើយ​ នាង​ញញឹម​​ត្រឡប់​ទៅ​វិញ។ មិន​យូរ​ប៉ុន្មាន ​​នំប៉័ង​សាច់​ប៉ាតេ​ចៀន​ក៏​មក​ដល់​៖​
-នេះ​លោក​!​ អញ្ជើញ​ពិសា​…
ខ្ញុំ​​មើល​​​នាង​ស្ទើរ​ភ្លឹក​ ព្រោះ​នាង​មើល​យូរ​ទៅ​ស្រស់​ស្អាត​​ដូចជា​​នារី​សួគ៌ា​អញ្ចឹង​។​ ឃើញ​ខ្ញុំ​មើល​នាង​មិន​ដាក់​ភ្នែក​បែប​នេះ​ មុខ​នាង​អៀន​ឡើង​ក្រហម​ដូច​រងើកភ្លើង។​ ភ្លាម​ៗ​នោះ​ ខ្ញុំ​ក៏​ស្រាប់​តែ​លាន់​មាត់​ឡើង​ដោយ​មិន​បាន​តាំង​ចិត្ត​៖
-អ្នក​នាង​ពិតជា​ស្អាត​ណាស់​!​
ឮ​ខ្ញុំ​សរសើរ​នាង​បែបនេះ​ នាង​សើច​ រួច​ដាក់​ផ្លែ​វិញ​ទាំង​អឹមអៀម​​៖​
-​ភ្ញៀវ​គ្រប់​គ្នា​តែង​តែ​និយាយ​​​បែបនេះ​​ឯង!​
ឮ​នាង​និយាយ​បែបនេះ​ ខ្ញុំ​ប្រញាប់​ប្រកែក​​៖​
-​​ខ្ញុំ​មិន​បាន​បញ្ជោរ​អ្នក​នាង​ទេ​ណា៎​!​
-​ចុះ​ខ្ញុំ​មាន​បាន​​ថា​លោក​បញ្ជោរ​ខ្ញុំ​ឯ​ណា៎​​…​ កុំ​មាន​ខ្លួន​ពេក!
នាង​ឈរ​ធ្វើ​មុខ​ញ៉ឹម​ៗ​អឹមអៀម​ដាក់​ខ្ញុំ​ ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​​ត្រូវ​រ៉ូវ​​គ្នា​យ៉ាង​ខ្លាំង។ ​ឃើញ​នាង​ដូច​ជា​កំពុង​បើក​ភ្លើង​ខៀវ​ ខ្ញុំ​ក៏​តាំង​ចិត្ត​ភ្លាម​ៗ​ថា​ ត្រូវ​តែ​ក្លាហាន​ ​ទើប​ស្នេហា​​ជោគ​ជ័យ​៖​
-ខ្ញុំ​ឈ្មោះ​ ខេមរា​ !​ តើ​អ្នក​នាង​ឈ្មោះ​អ្វី​ដែរ​?
-​​លីលី​! (នាង​ឆ្លើយ​បែប​កំបុត​ តែ​ស្រទន់ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​លង់​ស្នេហ៍​នាង)។
-​ឈ្មោះ លីលី​!​ ពិត​ជា​ពីរោះ​ណាស់​!​
-ឈ្មោះ​លោក​ក៏​មិន​អន់​ដែរ​ ខេមរា!
-លីលី… ​ខ្ញុំ​សុំ​លេខ​ទូរស័ព្ទ​បាន​ទេ​?​
ពេល​ឮ​ខ្ញុំ​សុំ​លេខ​ នាង​ធ្វើ​ដូចជា​ភ្ញាក់ផ្អើល៖
-យក​ធ្វើ​អី?
-ទុក​គ្រាន់​CALL​មក​ប្រាប់​មុន​ពេល​មក​ញ៉ាំ​នោះ​អី!​
នាង​សើច រួច​ទាញ​កៅអី​មក​​​អង្គុយ​​ទល់​​មុខ​ខ្ញុំ​ ​ រួច​ឆ្លើយ​ដោយ​មិន​ស្ទាក់​ស្ទើរ​ថា៖​
-មាន​អី​!​ កត់​ទៅ​ខ្ញុំ​ហៅ​ឱ្យ… លេខ​របស់​ខ្ញុំ​គឺ សូន្យ…
ខ្ញុំ​កត់​លេខ​តាម​នាង​ហៅ​ ទាំង​ក្នុង​ចិត្ត​ស្ទើរ​តែ​មិន​ចង់​ជឿ​ទាល់តែសោះ​ថា​ នាង​ចិត្ត​ល្អ​ដល់​ម្ល៉ឹង។​ ពេល​កត់​រួច​ នាង​ញញឹម​​ជាមួយ​នឹង​កែវ​ភ្នែក​ទាំង​គូ​សម្លឹង​មុខ​ខ្ញុំ​ឥត​ព្រិច​ រួច​និយាយ​មួយៗ​ថា​៖​
-ខេមរា​!​ ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​លោក…​​ ខ្ញុំ​ចង់​ប្រាប់​លោក​ថា​ គ្រប់​ពេល​ដែល​លោក​មើល​ខ្ញុំ​ពេល​ជិះ​កាត់​ហាង​របស់ខ្ញុំ​ ខ្ញុំ​ក៏​មើល​លោក​ដូចគ្នា​ដែរ​!​ តើ​លោក​ដឹង​ទេ?​​ លោក​មិន​មែន​ជា​ភ្ញៀវ​ទី​មួយ​ទេ​ដែល​សុំ​លេខ​ទូរស័ព្ទ​របស់​​ខ្ញុំ​ តែ​លោក​គឺជា​ភ្ញៀវ​​ទី​មួយ​​ដែល​ខ្ញុំ​​ឱ្យ​លេខ​ទូរស័ព្ទ​ ​​ ព្រោះ​លោក​ជា​បុរស​ក្លាហាន​ ហើយ​មាន​ឫកពា​រម្យទម​សុភាព​​​រាបសា​ សម​​ជា​អ្នក​រៀន​​​សូត្រ…។
ខ្ញុំ​ភ្ញាក់​ផ្អើល​នឹង​សម្ដី​នាង​យ៉ាង​ខ្លាំង​ មិន​នឹក​ស្មាន​ថា​នាង​ក៏​ចាប់អារម្មណ៍​នឹង​ខ្ញុំ​ដល់​ម្ល៉ឹង​ដែរ​សោះ! ខ្ញុំ​រំភើប​ចិត្ត​ស្ទើរ​ហើប​គូទ​ពី​កៅអី​ តែ​ខំ​ទប់​អារម្មណ៍​​​​​​មិន​ឱ្យ​នាង​ដឹង​៖​
-​​ដូច​លោក​បាន​ឃើញ​ស្រាប់​ហើយ​ ខេមរា!​​ មួយ​ថ្ងៃ​ៗ​ខ្ញុំ​រវល់​ខ្លាំង​ណាស់​​ មិន​សូវ​មាន​ពេល​ទំនេរ​ដូច​​គេ​ទេ! តែ​លោក​កុំ​ខ្លាច​ចិត្ត​ខ្ញុំ​​អី។​​ ចង់​CALL​មក​ខ្ញុំ​ពេល​ណា​ក៏​បាន។​ ខ្ញុំ​រីក​រាយ​​ស្វាគមន៍​​ជានិច្ច!​​
​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់!​ ខ្ញុំ​មិន​​នឹក​ស្មាន​ថា​វា​ឆាប់​រហ័ស​ដល់​ម្ល៉ឹង​​នោះ​ទេ!​ គិត​សព្វ​ៗ​ទៅ​ខ្ញុំ​នេះ​ពិត​ជា​មាន​មន្ត​ស្នេហ៍​មែន!​ ខ្ញុំ​តប​​ទៅ​នាង​វិញ​ទាំង​​រំភើប​ចិត្ត​​​ថា៖​
-អរគុណ លីលី ! ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ពេល​ឮ លីលី និយាយ​បែបនេះ​!
-គ្មាន​បញ្ហា​ទេ​ ខេមរា​!​ CALLមក​ខ្ញុំ​ពេល​ណា​ក៏​បាន​… តែ​ស្អែក​នេះ​កុំ​CALL​មក​ខ្ញុំ​​​ណា៎​ ​បើ​CALL​ក៏​CALL​មិន​ចូល​ដែរ ​ព្រោះ​ខ្ញុំ​បិទ​ទូរស័ព្ទ។
-ហេតុ​អី​?
-ព្រោះ​ស្អែក​​ខ្ញុំ​ភ្ជាប់​ពាក្យ​! (នាង​និយាយ​ដោយ​ងើប​ចេញ​ពី​កៅអី​យ៉ាង​លឿន​ព្រោះ​មាន​ភ្ញៀវ​ចូល)។
-ថា​ម៉េច​​ភ្ជាប់​ពាក្យ​!​ ចុះ​ខ្ញុំ​នាង​គិត​យ៉ាង​ណា​ បើ​បេះ​ដូង​ខ្ញុំ​ពេញ​ប្រៀប​ទៅ​ដោយ​រូប​នាង​​​ហើយ​នោះ​?​
ខ្ញុំ​ស្រឡាំងកាំង​ក្នុង​ចិត្ត​ លាន់​មាត់​ឡើង​តែ​ម្នាក់​ឯង​ សើច​លែង​សម​ ចង់​យំ​​ក៏​មិន​ចេញ​។ នំប៉័ង​ខ្ញុំ​មិន​ទាន់​បាន​ញ៉ាំ​មួយ​ម៉ាត់​ទេ!​ តែ​ខ្ញុំ​ឆ្អែត!​​ ឆ្អែត​!​ ឆ្អែត​ហួស​នឹង​ថ្លែង​… ឆ្អែត​នឹង​ខ្លួន​ឯង​ដែល​ឆ្កួត​​វង្វេង​តែ​ម្នាក់​ឯង​ជា​មួយ​នឹង​ក្ដី​ស្នេហ៍ ​ដែល​មិន​ដឹង​ក្បាល​កន្ទុយ។ ​ លា​​ហើយ​លីលី​!​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ ខ្ញុំ​ប្រហែល​ជា​ត្រូវ​ប្ដូរ​ផ្លូវ​ទៅ​សាលា​​ហើយ​…
អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ដែល​ខ្ញុំ​ពិបាក​ចិត្ត​ដោយសារ​តែ​នាង​។​ ខ្ញុំ​ក្លាយ​ជា​សិស្ស​ដែល​រៀន​អន់​ជាង​គេ​ក្នុង​ថ្នាក់​​ ផ្ទុយ​ស្រឡះ​ពីមុន​ដែល​ធ្លាប់​តែ​ទទួល​បាន​ពាក្យ​សរសើរ​​ពី​លោក​គ្រូ​អ្នក​ គ្រូ​​​​។​ ខ្ញុំ​មិន​មាន​ចិត្ត​ចង់​​រៀន​សូត្រ​​តទៅ​ទៀត​នោះ​​ទេ!​ មួយ​ថ្ងៃ​ៗ​ខ្ញុំ​ស្រមៃ​តែ​​វង់ភក្ត្រ​ដ៏​ស្រស់​ស្អាត​របស់​ លីលី​ នារី​កំពូល​ដួងចិត្ត ដោយ​បាយ​មិន​នឹក​ទឹក​ក៏​មិន​ស្រេក​ ដឹង​តែ​ម្យ៉ាង​គឺ​ខ្ញុំ​ត្រូវ​ការ​នាង…

ថ្ងៃមួយ​នៅ​ផ្សា​ទំនើប​សុវណ្ណា
​ជណ្ដើរ​យន្ត​ដែល​មាន​មនុស្ស​កកកុញ​​កំពុង​បញ្ជូន​ខ្ញុំ​​ចុះ​មក​ក្រោម។ ហើយ​ពេល​ចុះ​ដល់​ក្រោម​ដើរ​មិនបាន​​ពីរ​បី​ជំហាន​ផង​ ​ស្រាប់​តែ​មាន​ដៃ​ដ៏​ស​ទន់​ស្រឡូន​ត្រជាក់​ស្រឹប​មួយ​ មក​ចាប់​ទាញ​កំភួន​​ដៃ​ខ្ញុំ​ពី​ក្រោយ​យ៉ាង​ណែន​ ព្រម​​នឹង​សម្ដី​យ៉ាង​ញាប់​បញ្ជាក់​ពី​ក្ដី​ត្រេក​អរ​​​៖​
-ខេមរា!​ តើ​នេះ​ជា ខេមរា ​មែន​ទេ​?​ ខ្ញុំ​មិន​មែន​យល់​សប្ដិ​ទេ​មែន​ទេ​?​​
ពុទ្ធោ​!​ នាង​ជា​ លីលី​… នារី​ដែល​ខ្ញុំ​ស្រឡាញ់​នឹករលឹក​រាល់​ថ្ងៃ! ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​សោះ​ថា​ជា​រូប​នាង​​។ ​​ខ្ញុំ​មិន​ហ៊ាន​មើល​មុខ​នាង​ចំ​ឡើយ​ព្រោះ​ខ្មាស​នាង​ចំពោះ​រឿង​កន្លង​​​ ទៅ។​ នាង​នៅ​​តែ​ចាប់​ដៃ​ខ្ញុំ​មិន​ព្រម​លែង​​៖​
-ខេមរា!​ នេះ​ពិត​ជា​រូប​លោក​មែន​ទេ​?​
-មែន​ហើយ លីលី គឺ​ខ្ញុំ​​!​
នាង​ប្រែ​ទឹក​មុខ​ទៅ​ជា​ស្រពោន​វិញ ព្រម​នឹង​ការ​សម្លឹង​មុខ​ខ្ញុំ​ដោយ​ក្ដី​អាណិត​៖​
-ហេតុ​អី​ក៏​លោក​ស្គម​ដល់​ថ្នាក់​នេះ​ ខេមរា​ ខ្ញុំ​មើល​លោក​សឹង​មិន​ចង់​ស្គាល់​…​​
នាង​សួរ​ដូចជា​មិន​ដឹង​រឿង​អី​អញ្ចឹង! ពិត​ណាស់​នាង​មិន​ដឹង​ថា​ដោយសារ​តែ​នាងខ្ញុំ​ត្រូវ​ឈឺ​​អស់​រាប់​ខែ​នោះ​ទេ​ ខ្ញុំ​ជា​​អ្នក​យល់​ច្រឡំ​តែ​ម្នាក់​ឯង​ ដូច្នេះ​មិនមែន​ជា​កំហុស​របស់​នាង​ឡើយ។ ឃើញ​ខ្ញុំ​មិន​តបត​ នាង​ក៏​និយាយ​ទៀត​ ទាំង​ចាប់​អង្រួន​ដៃ​ខ្ញុំ​ថា​៖​
-ខេមរា តើ​យើង​អាច​រក​កន្លែង​និយាយ​គ្នា​ឲ្យ​បាន​ស្រួល​ជាង​នេះ​បាន​ទេ​? ព្រោះ​ខ្ញុំ​មាន​ពាក្យ​ច្រើន​ណាស់​ដែល​​ចង់​និយាយ​ជាមួយ​លោក…
នៅ​ហាង​កាហ្វេ​សង់​ទីម៉ង់​មួយ​…
បទ​ UNCHAINED MELODY ​កំពុង​បន្លឺ​ឡើង​ល្វើយ​ៗ… ឯ លីលី សម្លឹង​ខ្ញុំ​ដោយ​ទឹក​មុខ​ស្រពោន​៖
-ហេតុ​អ្វី​​បាន​ជា​ពេលនោះ​នៅ​សុខ​ៗ​​លោក​ស្រាប់​តែ​ចាក​ចេញ​ទៅ​ដោយ​មិន​ ប្រាប់​ខ្ញុំ​មួយ​ម៉ាត់​បែប​នេះ​? ​​លោក​​ដឹង​​ទេ! ​លោក​ធ្វើ​បែប​នេះ​ខ្ញុំ​ពិបាក​ចិត្ត​ណាស់!​​ អស់​រយៈ​ពេល​ជាង​ដប់​​​ខែ​មក​ហើយ​​ដែល​ខ្ញុំ​ទន្ទឹង​រង់​ចាំ​មើល​​​ផ្លូវ​ លោក​ តែ​ខ្ញុំ​មិន​​ដែល​ឃើញ​លោក​មក​រក​ខ្ញុំ ឬ​​ជិះ​កាត់​កន្លែង​ខ្ញុំ​ទៀត​​សោះ!​ CALLមក​ខ្ញុំ​ក៏​លោក​មិន​CALL​​​ ឯ​លេខ​ទូរស័ព្ទ​ក៏​មិន​ទុក​ឱ្យ​ខ្ញុំ​ទៀត​​​! ដូច្នេះ​ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា​ត្រូវ​ទាក់​ទង​​លោក​ដោយ​វិធី​ណា​ឡើយ។
ឃើញ​នាង​ចូល​តួ​បែប​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​អស់​សំណើច​យ៉ាង​ខ្លាំង។​ ឃើញ​ខ្ញុំ​សើច​ នាង​ជ្រួញ​ចិញ្ចើម​៖​
-​​ម៉េច​ក៏​លោក​សើច​បែប​នេះ​ ខេមរា?​
-មកពី​លីលី​ពូកែ​សម្ដែង​ពេក​ហ្នឹង​ណា៎​!​ ធ្វើ​មើល​តែ​ស្រឡាញ់​ខ្ញុំ​អញ្ចឹង! លីលី ចាំ​បាច់​និយាយ​បែប​នេះ​ធ្វើ​អី​ បើ​ លីលី ​មាន​គូ​ដណ្ដឹង​ទៅ​ហើយ​នោះ​?
-​មែន! ទាយ​អី​ចេះ​ខុស​ តាម​ពិត​គឺ​យ៉ាង​នេះ​សោះ​!​ (នាង​លាន់​មាត់)។ អញ្ចឹង​តើ​បាន​ជា​ថ្ងៃ​នោះ​ស្រាប់​តែ​ចាក​ចេញ​ទៅ​ប្រុយ​បែប​នេះ! (នាង​ញញឹម​រួច​និយាយ​បន្ត​ដោយ​ចាប់​កាន់​ដៃ​ខ្ញុំ) លោក​យល់​ច្រឡំ​ហើយ​ ខេមរា​!​ តាម​ពិត ​ថ្ងៃ​នោះ​ខ្ញុំ​និយាយ​លេង​ជាមួយ​លោក​ទេ!​ ខ្ញុំ​គ្មាន​គូ​ដណ្ដឹង​នោះ​ទេ! សូម​លោក​ឈប់​យល់​ច្រឡំ​ទៅ!
-​មែន​អ្ហេ៎​ លីលី​? (ខ្ញុំ​លាន់មាត់​ដោយ​មិន​បាន​តាំង​ចិត្ត)​ លីលី​ ​ពិត​ជា​មិន​បាន​ភ្ជាប់​ពាក្យ​មែន​អ្ហេ៎​?​
-​មែន​ហើយ​ ខេមរា​!​ ខ្ញុំ​មិន​បាន​​ភ្ជាប់​ពាក្យ​នោះ​ទេ​!​ ថ្ងៃ​នោះ​ខ្ញុំ​គ្រាន់​តែ​និយាយលេង​​​ប៉ុណ្ណោះ!​ នរណា​​ទៅ​នឹក​ស្មាន​ដល់​ថា​​លោក​ជា​មនុស្ស​ឆាប់​ជឿ​បែប​នេះ​នោះ?​​​​​
រំភើប​ចិត្ត​ពេក ខ្ញុំ​ក៏​លូន​ដៃ​ទៅ​ក្រសោប​ម្រាមដៃ​ដ៏​ស្រឡូន​ដូច​បន្លា​ក្រូច​របស់​នាង​មក​អង្អែល​ថ្នមៗ​ ព្រម​នឹង​សម្ដី​​មួយ​ៗ​៖​
-បើ​វា​ជា​ការ​ពិត មាន​ន័យ​ថា​ លីលី​ អាច​ផ្ដល់​​ក្ដី​​ស្រឡាញ់​ឱ្យ​​ខ្ញុំ​មែន​ទេ​?​ មែន​ទេ!​ លីលី​ ឆាប់​ប្រាប់​មក?
នាង​ងក់​ក្បាល​ផ្ដល់​ចម្លើយ​ជំនួស​សម្ដី​ដោយ​ទឹក​មុខ​​អឹមអៀន​។ ឯ​ខ្ញុំ​​សប្បាយ​ចិត្ត​ស្ទើរ​ហោះ​ រួច​បន្តឹង​ការ​ចាប់​ដៃ​នាង​​ ដោយ​សម្លឹង​មុខ​នាង​ឥត​ព្រិច​ ជា​មួយ​នឹង​វាចា​យ៉ាង​ញាប់​​៖​
-លីលី​ បើអញ្ចឹង! តើ​ លីលី ​យល់​យ៉ាង​ណា​ដែរ​បើ​ខ្ញុំ​នាំ​ចាស់​ទុំ​ចូល​ស្ដី​ដណ្ដឹង​ លីលី ​នោះ​?​ តើ​យល់​ព្រម​រៀបការ​ជា​មួយ​ខ្ញុំ​ទេ លីលី​?​
-យល់​ព្រម​!​ ខ្ញុំ​យល់​ព្រម​​!​ ព្រោះ​ខ្ញុំ​ក៏​ស្រឡាញ់​​ ខេមរា ​ដែរ​… ​ហើយ​ថែម​ទាំង​ស្រ​…
-គិត​តែ​ លីលី​ នឹង​ហើយ​អ្ហែង​!​ មិន​បាច់​ទៅ​រៀន​ទៅ​សូត្រ​អី​ទេ​!​ យី​អានេះ​ខូច​ចិត្ត​ដល់​ថ្នាក់​វង្វេងវង្វាន់​​យល់​សប្ដិ​ទាំង​កណ្ដាល​​ថ្ងៃ ​ហើយ​ទេ​តើ!​​ លឿន​ឡើង​ឆាប់​ក្រោក​ភ្លាម​ទៅ​អា​ ខេមរា… ទៅ​សាលា​… ​ថ្ងៃ​នេះ​ប្រឡង​ផង​!​​​
សេចក្ដី​​សុខ​ដ៏​មាន​សុភមង្គល​ត្រូវ​រលាយ​បង់​បាត់​ទៅ​ដូច​ពពក​ត្រូវ​ខ្យល់​ ដោយ​សារ​តែ​អា​ ភក្ដី មិត្ត​សម្លាញ់​​ខ្ញុំ​ដាស់​​ឱ្យ​ភ្ញាក់។ ខ្ញុំ​មិន​អស់​ចិត្ត​ចំពោះ​យល់​សប្ដិ​អំបាញ់មិញ​នេះ​សោះ​ ក៏​ផុស​គំនិត​ក្នុង​ចិត្ត​ឡើង​ថា៖​
-វា​ពិតមែន​ទេ​ដឹង​ដែល​ថា​ លីលី មិន​បាន​ភ្ជាប់​ពាក្យ​នោះ? ស្រួល​មិន​ស្រួល​ លីលី អាច​នឹង​កំពុង​ទន្ទឹង​រង​ចាំ​មើល​​ផ្លូវ​ខ្ញុំ​មែន​ផង​ក៏​មិន​ដឹង​! លីលី​ឱ្យ​ខ្ញុំ​សូមទោស​ផង​ មិន​គួរណា​ខ្ញុំ​ធ្វើ​ឱ្យ​នាង​ពិបាក​ចិត្ត​ដល់​ថ្នាក់​ហ្នឹង​នោះ​ទេ។​
គ្រាន់​តែ​ប្រឡង​ចប់​រួចរាល់​ភ្លាម​ ស្អែក​ឡើង​ខ្ញុំ​ក៏​ប្រញាប់​ទៅ​រក​នាង​ភ្លែត។ នៅ​តាម​ផ្លូវ​ទៅ​រក​នាង​ មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ ​បេះ​ដូង​របស់ខ្ញុំ​លោត​ញាប់​យ៉ាង​ខ្លាំង​ ហាក់​បី​ដូចជា​មាន​រឿង​អ្វី​ម្យ៉ាង​ចង់​ប្រាប់​ដល់​ខ្ញុំ​អញ្ចឹង។​ ពិត​ជា​ព្រហ្មលិខិត​ជា​អ្នក​កំណត់​មែន! អ្វីៗ​ដូច​មុន​បេះ​បិទ​ លីលី នាង​នៅ​តែ​ស្អាត​ ឯ​កន្លែង​លក់​​នៅ​តែ​ដូច​មុន​ដដែល​គឺ​មិន​​ទាន់​មាន​ភ្ញៀវ​នៅ​ឡើយ​ គ្រាន់​តែ​ខុស​ប្លែក​​ត្រង់​ថា​ លើក​នេះ​នាង​ពាក់​ឈុត​ដេក​អង្គុយ​លក់​ប៉ុណ្ណោះ​។
​ ​ខ្ញុំ​បម្រុង​នឹង​បត់​ចូល​ ស្រាប់​តែ​លេច​មុខ​​បុរស​សង្ហា​ម្នាក់​​​​ចេញ​មក​ពី​ណា​ក៏​មិន​ដឹង​ទេ​ ​មក​ឈរ​ឱប​​ក​នាង​ពី​ក្រោយ​ បន្ទាប់​មក​ខ្ញុំ​ឃើញ​នាង​ក្រោក​ឈរ​ ពោះ​មាន​សភាព​ប៉ោង​ធំ​ចម្លែក​…។ ​​ខ្ញុំ​ងងឹត​មុខ​ឈឹង​លែង​ដឹង​អ្វី​ទាំង​អស់​ ដឹង​តែ​ម្យ៉ាង​ថា​ បុរស​នោះ​ជា​ប្ដី​នាង។ ឯ​ការ​ដែល​ពោះ​នាង​ប៉ោង​ធំ​ចម្លែក​បែប​នេះ ក៏​ព្រោះ​តែ​នាង​កំពុង​មាន​ផ្ទៃ​ពោះ​នោះ​ឯង​។ ពេល​នោះ​ ខ្ញុំ​នៅ​ជិត​​បង្កើយ​ តែ​​នាង​មើល​ខ្ញុំ​មិន​ស្គាល់​​ឡើយ​ ព្រោះ​លើក​នេះ​ខ្ញុំ​ជិះ​កង់​មក​ ដោយ​សារ​ម៉ូតូ​ត្រូវ​ចោរ​លួច​បាត់​ទៀត។​ ឯ​រូង​រាង​ខ្ញុំ​វិញ​ក៏​ស្គម​ស្លេក​ស្លាំង​​ខុស​​ពី​មុន​ ព្រោះ​ពិបាកចិត្ត។​ ហេតុផល​នេះ​ហើយ​ទើប​បាន​ជា​នាង​មើល​ខ្ញុំ​លែង​ស្គាល់​។
យល់​សប្ដិ​ពិត​ជា​ស័ក្ដិសិទ្ធិ​មែន​ លីលី គ្មាន​គូ​ដណ្ដឹង​នោះ​ទេ! តែ​នាង​មាន​ប្ដី។ ប្រសិន​បើ​មាន​ទេវតា​អ្នក​បង្កើត​យល់​សប្ដិ​ដល់​មនុស្ស​ដូច​ក្នុង​រឿង​និទាន ​មែន​ បើ​នរណា​ម្នាក់​អាច​នាំ​ទ្រង់​មក​ជួប​ខ្ញុំ​បាន​ ខ្ញុំ​នឹង​ដាក់​ប្លង់​ផ្ទះ​នៅ​ស្រុក​យក​លុយ​ផ្ដល់​ជា​រង្វាន់​យ៉ាង​គាប់​ ចិត្ត​ដល់​គេ​ភ្លាម។ ឃើញ លីលី ស្រឡាញ់​ប្ដី​នាង​ណាស់​យ៉ាង​នេះ ខ្ញុំ​ឈឺ​ចិត្ត​ណាស់! តែ​​ខ្ញុំ​មិន​ខឹង​នាង​ឡើយ ព្រោះ​មនុស្ស​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​​ ដូច្នេះ​ខ្ញុំ​មាន​តែ​ពាក្យ​ជូន​​ពរ​នាង​ជាមួយ​នឹង​ប្ដី​ឲ្យ​មាន​សេចក្ដី​ សុខ​សុភមង្គល​រហូត​ដល់​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ​។ លាហើយ​ លីលី​!​ លើក​នេះ​ខ្ញុំ​លា​ លីលី ​មែន​ទែន​ហើយ​! បើ​ទោះ​ជា​យល់​សប្ដិ​ឃើញ​ លីលី លែង​ប្ដី​ក៏​ដោយ… ​សូម​បាន​សុខ​ណា៎​​!
ខ្ញុំ​បាន​តាំង​ចិត្ត​លាង​​ជម្រះ​បេះដូង​ឱ្យ​ជ្រះ​រូប​នាង​ ហើយ​ងាក​មក​គិត​ពី​ការ​​សិក្សា​​ឡើង​វិញ​ ព្រោះ​​​អាណិត​ម៉ែ​ដែល​កំពុង​ខំ​លេង​តុងទីន ​និង​ចិញ្ចឹម​ជ្រូក​យ៉ាង​លំបាក​វេទនា​ ដើម្បី​យក​​លុយ​មក​ទិញ​ម៉ូតូ​ឲ្យ​ខ្ញុំ​ជិះ​ទៀត។ នៅ​លើ​គ្រែ​ក្នុង​បន្ទប់​ជួល​ដ៏​តូច​ចង្អៀត​ ខ្ញុំ​ទាញ​រូប​ថត​អ្នក​ម្ដាយ​ដ៏​សែន​មាន​គុណ​យក​មក​មើល​ ហើយ​នៅ​ពេល​ដែល​នឹង​ដល់​ការ​លះ​បង់​គ្រប់​យ៉ាង​របស់​គាត់​ចំពោះ​ខ្ញុំ​ ទឹក​ភ្នែក​ខ្ញុំ​​ក៏​ហូរ​ស្រក់​ចុះ​មក​ជា​ច្រើន​ដំណក់​ កាត់​ផែន​ថ្ពាល់​ដ៏​គគ្រើម​សុទ្ធ​តែ​មន្ត​​ រួច​ឧទាន​ឡើង​ថា៖
-ម៉ែ​!​​​ កូន​សូម​ទោស​!​ កូន​ខុស​ហើយ​…​ បើ​កូន​​ស្ដាប់​​​តាម​​សម្ដី​ម៉ែ​ផ្ដែផ្ដាំ​​ កូន​ក៏​មិន​ជួប​រឿង​ឈឺ​ចាប់​ដូច​ពេល​នេះ​ដែរ​​…​ កូន​​សូម​ស្បថ​ថា​ កូន​ឈប់​មាន​ស្នេហា​ពេល​កំពុង​សិក្សា​ទៀត​ហើយ​ បើ​កូន​ក្បត់​ពាក្យ​សន្យា​ សូម​ឱ្យ​មេ​តុងទីន​ដែល​ម៉ែ​លេង​រត់​បាត់​ ជ្រូក​ដែល​ម៉ែ​ចិញ្ចឹម​ងាប់​អស់​ គ្មាន​លុយ​ទិញ​ម៉ូតូ​ឲ្យ​កូន​ជិះ​ ឬ​បើ​ទិញ​ម៉ូតូ​បាន​ហើយ​សូម​ឲ្យ​លោក​ចោរ​លួច​ទៀត ឲ្យ​ខ្ញុំ​ជិះ​តែ​កង់​កញ្ចាស់​​ត្រុកៗ​បែកញើស​គឃៀរ​វេទនា​រហូត​ចុះ!!!​
ខ្ញុំ​​មិន​ដឹង​ថា​ វា​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច ​ឬ​យ៉ាង​ណា​នោះ​ទេ​? តែ​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា​ អ្នក​ទាំង​អស់​គ្នា​គ្មាន​វាសនា​បាន​ជួប​ដូច​ខ្ញុំ​ឡើយ​…​​ នេះ​ហើយ​ស្នេហ៍​ខ្ញុំ! ៕​​​​
និពន្ធ​ដោយ គង់ រង្សី ដក់ស្រង់ចេញពីសប្បាយ
តើ​ខេមរា​ក៏​ដូច​ជា​យុវវ័យ​ទាំង​អស់​​គួរ​មាន​ស្នេហា​ក្នុង​វ័យ​សិក្សា​ដែរ​ឬ​ទេ?

ចែករំលែកកាន់ទៅ

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក អានរឿងសិច | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xnxxkhmerfor18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ!